ថ្ងៃអង្គារ ទី11 ខែកុម្ភៈ ឆ្នាំ2025 (មួយខែមុន)
សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានៅក្នុងឆ្នាំ ២០១៩ នេះ បានសម្រេច បង្កើតឲ្យមានវគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈវាយតម្លៃអចលនទ្រព្យដំបូងគេ នៅក្នុងប្រទេសកម្ពុជា។
បើតាមការលើកឡើងរបស់លោក ច្រឹក សុខនីម ប្រធានសមាគម CVEA បានឲ្យដឹងថា វគ្គសិក្សាថ្មីនេះជាវគ្គសិក្សាថ្មីជំនាន់ទី១ ដែលសមាគមទាំងមូលបានសម្រេចបង្កើតឡើងនេះ គឺក្នុងគោលដៅជួយពង្រឹងសមត្ថភាពរបស់ភ្នាក់ងារ ផ្នែកវាយតម្លៃ ដើម្បីធានាបានប្រសិទ្ធិភាពការងារ ដោយផ្នែកលើមូលដ្ឋានគ្រឹះវាយតម្លៃច្បាស់លាស់ វិជ្ជាជីវៈត្រឹមត្រូវ និងតាមបច្ចេកទេស។
លោកលើកឡើងបន្ថែមទៀតថាការបង្កើតឲ្យមានវគ្គសិក្សាជំនាញគឺដើម្បីឆ្លើយតបនឹងតម្រូវការ នៅក្នុងទីផ្សារ។ នេះមានន័យថាស្របពេលទីផ្សារកាន់តែរីកចម្រើន វាទាមទារឲ្យមានក្រុមងារការដែលមានជំនាញពិតប្រាកដ ដើម្បីជួយជំរុញដល់និរន្តរភាពនៃការ ការអភិឌ្ឍរបស់វិស័យអចលនទ្រព្យទាំងមូល។
វគ្គបណ្តុះបណ្តាលនេះចាប់ផ្តើមទទួលចុះឈ្មោះចាប់ពីពេលនេះតទៅ ហើយការសិក្សាមាន ២ វេន។ វេនទីមួយគឺថ្ងៃច័ន្ទ ដល់ សុក្រ ដែលរៀនពីម៉ោង៥ៈ៣០ រហូតដល់ម៉ោង ៨ៈ ៣០ ល្ងាច និងចូលរៀនថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ សម្រាប់វេនទីពីរគឺថ្ងៃសៅរ៍ និងអាទិត្យ ដែលរៀនពីចំនួនពីរថ្ងៃពេញ និងចូលរៀននៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
រំលឹកផងដែរថា ក្រោមការសហការជាមួយសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតមកដល់ពេលនេះ សាលាបណ្តុះបណ្តាលជំនាញអចលនទ្រព្យ បានបញ្ចប់វគ្គសិក្សាជំនាញទិញ និងលក់អចលនវត្ថុប្រកបដោយវិជ្ជាជីវៈ ៤ ជំនាន់រួចមកហើយ និងមានសិស្សបានចូលរៀនជាង ១,០០០ នាក់៕